មេដឹកនាំក្រុមសង្គមងងឹត និងជាស្ដេចជួញដូរគ្រឿងញៀនដ៏កក្រើករូបនេះមានឈ្មោះ El Chapo ដែលត្រូវប៉ូលិសចាប់ខ្លួនលើកចុងក្រោយកាលពីឆ្នាំ២០១៤។ បុគ្គលដ៏មានគ្រោះថ្នាក់រូបនេះ ត្រូវក្រុមប៉ូលិសម៉ិកស៊ីកូឃុំឃាំងក្នុងពន្ធនាគារដ៏រឹងមាំមួយ ក្រោមការយាមកាមយ៉ាងតឹងតែង។
អ្វីដែលនឹកស្មានមិនដល់បានកើតឡើងកាលពីថ្ងៃសៅរ៍ ក្រោយពេលមេដឹកនាំក្រុមអ្នកលេង Sinaloa Cartel រូបនេះ រត់គេចខ្លួនចេញពីពន្ធនាគារដោយសុវត្ថិភាពនៅវេលាម៉ោងជិត ៩យប់។ ការរត់គេចខ្លួន ធ្វើឡើងតាមរយៈរូងក្រោមដី ដែលជីកឡើងដោយក្រុមវិស្វកររ៉ែជាច្រើននាក់។
រូងគេចខ្លួនរបស់មេជួញដូរគ្រឿងញៀនរូបនេះ មានចម្ងាយប្រមាណ ១,៤៥គីឡូម៉ែត្រ និងជីកលុងទៅក្រោមដីជម្រៅជិត ១០ម៉ែត្រ។ ចំណែកទំហំរូងមានរង្វាស់ទទឹងជាង ៦តឹក និងកម្ពស់ប្រមាណ ១,៧០ម៉ែត្រ។ ដើម្បីជីកដល់ពន្ធនាគារ ក្រុមវិស្វករត្រូវយកដីចេញ ៣២៥០តោន ស្មើនឹង ៣៧៩ឡានដឹកដីធំៗ។
បើតាមប្រភពពីអ្នកជិតខាងការដ្ឋានបានឲ្យដឹងថា មនុស្សមួយក្រុមមានគ្នាមិនលើសពី ៤នាក់ ដែលបានបង្កើតរូងគេចខ្លួនដ៏អស្ចារ្យនេះឡើង។ ពូកគេបានធ្វើការជាមធ្យម ១០ម៉ោងក្នុងមួយថ្ងៃ អស់រយៈពេលប្រហែល ១ឆ្នាំ។ នៅក្នុងរូងនោះ មានបំពាក់ទៅដោយអំពូលភ្លើង អុកស៊ីហ្សែនសម្រាប់សង្គ្រោះបន្ទាន់ និងរន្ធឲ្យខ្យល់ចេញចូល។
បើតាមសារព័ត៌មាន Daily Mail បានបង្ហាញថា រូងក្រោមដីនេះអាចត្រូវចំណាយប្រាក់រហូតដល់ ៥០លានដុល្លារដើម្បីសាងសង់ឡើង។ បន្ទាប់ពីស្ដេចគ្រឿងញៀនរូបនេះរត់គេចខ្លួនបាត់ រដ្ឋាភិបាលម៉ិកស៊ីកូបានប្រកាសថានឹងផ្ដល់ប្រាក់រង្វាន់ ៣,៨លានដុល្លារ ដល់ជនណាដែលផ្ដល់ដំណឹង ប៉ុន្តែរហូតមកដល់ថ្ងៃនេះគ្មានសញ្ញាណអ្វីបន្តិចឡើយ៕
Listening to Sin sisamuth old song






No comments:
Post a Comment